កងកម្លាំងការពារបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ត្រូវបានរាយការណ៍ថា បានព្រមានសហរដ្ឋអាមេរិកថា ខ្លួនចាត់ទុកការវាយប្រហារតបតវិញថា ជា “សកម្មភាពស្របច្បាប់ និងប្រាកដជានឹងកើតឡើង” ប្រសិនបើសហរដ្ឋអាមេរិករំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលកំពុងអនុវត្ត ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងកើនឡើងម្តងទៀត ដែលធ្វើឲ្យក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័សមានការថយចុះ។
សារព័ត៌មានដែលដកស្រង់ពី Tasnim ដែលជាទីភ្នាក់ងារព័ត៌មានមានទំនាក់ទំនងជិតស្និទ្ធជាមួយ IRGC បានបន្ថែមថា កងកម្លាំងអ៊ីរ៉ង់បានបាញ់ប្រហារលើយន្តហោះដ្រូនរបស់អាមេរិក និងបាន “បណ្តេញ” យន្តហោះចម្បាំងមួយគ្រឿង។
មុននេះ កងទ័ពសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបើកការវាយប្រហារថ្មីនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ទៅលើទីតាំងបាញ់មីស៊ីល និងទូកដាក់មីន ដោយយោងតាមសេចក្តីរាយការណ៍ដែលដកស្រង់ពីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM)។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ការវាយប្រហារទាំងនេះមានលក្ខណៈ “ការពារខ្លួន” និងមិនមានន័យថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់នោះទេ ដោយដកស្រង់ពី CENTCOM។ ការវិវត្តនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយ Fox News។
លោក Tim Hawkins អ្នកនាំពាក្យរបស់ CENTCOM បានប្រាប់សារព័ត៌មានអាមេរិកថា៖“កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារដើម្បីការពារខ្លួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៅថ្ងៃនេះ […] គោលដៅរួមមានទីតាំងបាញ់មីស៊ីល និងទូកអ៊ីរ៉ង់ដែលកំពុងព្យាយាមដាក់មីន”។
លោក Hawkins បានសង្កត់ធ្ងន់ថា ការវាយប្រហារទាំងនេះ “មិនមែនបញ្ជាក់ថាបទឈប់បាញ់ត្រូវបានបញ្ចប់នោះទេ” ដោយបន្ថែមថា “បញ្ជាការកណ្ដាលសហរដ្ឋអាមេរិកនៅតែបន្តការពារកងកម្លាំងរបស់ខ្លួន ខណៈពេលប្រើប្រាស់ការអត់ធ្មត់”។
ភ្លាមៗបន្ទាប់ពីការវាយប្រហារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា កិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ អាច “ចំណាយពេលពីរបីថ្ងៃ” ប៉ុន្តែលោកបានប្តេជ្ញាថា ច្រកសមុទ្រនេះនឹងត្រូវបានបើកឡើងវិញ “តាមរបៀបណាមួយក៏ដោយ”។
ក្តីសង្ឃឹមថ្មីៗថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ អាចនឹងខិតជិតទៅរកកិច្ចព្រមព្រៀងយូរអង្វែង ដើម្បីបញ្ចប់សង្គ្រាមជិតបីខែរបស់ពួកគេ បានថយចុះបន្ទាប់ពីការវាយប្រហារ។
កាលពីចុងសប្តាហ៍ សារព័ត៌មានបានរាយការណ៍ថា ភាគីទាំងពីរកំពុងខិតជិតកិច្ចព្រមព្រៀងគោលការណ៍ ដើម្បីបន្តបទឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈប្រធានាធិបតី Donald Trump ក៏បាននិយាយថា ការចរចាកំពុងដំណើរការ “យ៉ាងរលូន”។ ទោះជាយ៉ាងណា លោក Trump ក៏បានព្រមានពីការបន្ត និងការកើនឡើងនៃការប្រយុទ្ធ ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងបាន។
មិនទាន់ច្បាស់នៅឡើយទេថា ការវាយប្រហារចុងក្រោយនេះ បានធ្វើឲ្យការចរចាទាំងនោះអស្ថិរភាពឬយ៉ាងណា។
លោក Trump ក៏បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា សារធាតុអ៊ុយរ៉ានីញ៉ូមដែលបានបន្សុទ្ធរបស់អ៊ីរ៉ង់ នឹងត្រូវប្រគល់ឲ្យទីក្រុងវ៉ាស៊ីនតោន ឬត្រូវបំផ្លាញ “នៅទីតាំងនោះផ្ទាល់ ឬនៅទីតាំងផ្សេងដែលអាចទទួលយកបាន”។ ប្រធានាធិបតីអាមេរិកបានលើកឡើងជាញឹកញាប់ថា អ៊ីរ៉ង់ត្រូវតែប្រគល់ស្តុកអ៊ុយរ៉ានីញ៉ូមដែលបានបន្សុទ្ធរបស់ខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក Trump ក៏បានអះអាងជាញឹកញាប់ថា ការទប់ស្កាត់មិនឲ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ គឺជាគោលបំណងសំខាន់មួយនៃការវាយប្រហាររួមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ប៉ុន្តែសេចក្តីរាយការណ៍សារព័ត៌មានបានបង្ហាញថា អ៊ីរ៉ង់បានបដិសេធយ៉ាងខ្លាំងចំពោះការទាមទារទាំងនេះ។