សហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយផ្តោតលើកម្លាំងដែលត្រូវបានចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន ដែលបានសម្លាប់សមាជិកកងទ័ពអាមេរិក ២ នាក់នៅប្រទេសហ្សកដានី នេះបើយោងតាមសារព័ត៌មាន Bloomberg។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (US Central Command) បានឱ្យដឹងថា ប្រតិបត្តិការនេះមានគោលបំណងកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មតាមសមុទ្រ និងដាក់ទណ្ឌកម្មលើអង្គភាពនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (Islamic Revolutionary Guard Corps – IRGC) ដែលត្រូវបានចោទថាទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃសុក្រ។
ទាហានអាមេរិក ៤ នាក់ទៀតបានរងរបួស ខណៈម្នាក់នៅតែបាត់ខ្លួន។ ការស្លាប់ចុងក្រោយនេះបានធ្វើឱ្យចំនួនទាហានអាមេរិកដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ កើនដល់ ១៦ នាក់។
ជាការឆ្លើយតប ទីក្រុងតេអេរ៉ង់បានប្រកាសបោះបង់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នដែលសម្រេចបានកាលពីខែមុន។ កិច្ចព្រមព្រៀងនោះបានកំណត់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់កំពុងចរចាអំពីការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
មេដឹកនាំកំពូល លោក Mojtaba Khamenei បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើអនុស្សរណៈនេះជាបន្តបន្ទាប់ ហើយបានព្រមានថា សហរដ្ឋអាមេរិកនឹងទទួលបាន “មេរៀនដែលមិនអាចបំភ្លេចបាន”។
ការវាយប្រហារសងសឹករយៈពេលមួយសប្តាហ៍បានពង្រីកពីគោលដៅយោធាទៅកាន់ស្ពាន ប្រព័ន្ធសេវាសាធារណៈ រោងចក្របំបាត់ជាតិប្រៃក្នុងទឹកសមុទ្រ និងកំពង់ផែ។ មន្ត្រីអ៊ីរ៉ង់បាននិយាយថា មនុស្ស ៥០ នាក់បានស្លាប់ និងជាង ៥០០ នាក់បានរងរបួសដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា។
អ៊ីរ៉ង់ក៏បានបើកការវាយប្រហារលើប្រទេសគុយវ៉ែត ហ្សកដានី និងកាតាផងដែរ។ មន្ត្រីគុយវ៉ែតបានរាយការណ៍ពីការខូចខាត និងអគ្គិភ័យនៅរោងចក្រផលិតថាមពល និងបំបាត់ជាតិប្រៃក្នុងទឹកសមុទ្រ ដែលបណ្តាលឱ្យក្រុមហ៊ុន Kuwait Airways ត្រូវកែសម្រួលកាលវិភាគជើងហោះហើរភាគច្រើន។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានណែនាំឱ្យពលរដ្ឋអាមេរិកពិចារណាឡើងវិញអំពីការធ្វើដំណើរទៅកាន់ ឬឆ្លងកាត់តំបន់មជ្ឈិមបូព៌ា ដោយសារហានិភ័យនៃការកើនឡើងភាពតានតឹងដោយមិនបានរំពឹងទុក និងការរំខានដល់ជើងហោះហើរ។
ទីផ្សារថាមពលបានឆ្លុះបញ្ចាំងពីការកើនឡើងនៃហានិភ័យចំពោះការផ្គត់ផ្គង់ក្នុងតំបន់។ តម្លៃប្រេង Brent បានកើនឡើងប្រហែល 4.6% កាលពីថ្ងៃសុក្រ ដោយបិទជិត 88 ដុល្លារក្នុងមួយបារ៉ែល ដែលជាការកើនឡើងប្រចាំសប្តាហ៍ខ្លាំងបំផុតចាប់តាំងពីខែមេសា។
ទីក្រុងវ៉ាស៊ីនតោនបានបន្តការបិទកំពង់ផែរបស់អ៊ីរ៉ង់ឡើងវិញ និងដកការលើកលែងទណ្ឌកម្មដែលគ្របដណ្តប់លើការនាំចេញប្រេងរបស់អ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់នៅតែទាមទារឱ្យនាវាពាណិជ្ជកម្មទទួលបានការអនុញ្ញាត មុនពេលឆ្លងកាត់ច្រកសមុទ្រ Hormuz។
សហរដ្ឋអាមេរិកក៏កំពុងបញ្ជូនយន្តហោះបំពេញប្រេងបន្ថែមទៅកាន់អ៊ីស្រាអែល ដែលអាចបង្កើនសមត្ថភាពសម្រាប់ប្រតិបត្តិការវាយប្រហារចម្ងាយឆ្ងាយ។ ប្រទេសចិន និងប៉ាគីស្ថានបានអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់ការវាយប្រហារ និងវិលត្រឡប់ទៅកាន់តុចរចាវិញ។